(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ក្រុងពាក់ព័ន្ធ ព្រមទាំងជួរថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ ស្ថាប័នមន្ទីរ អង្គភាព អអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ធ្វើការផ្ដល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ ១០០គ្រួសារ មកពីក្រុងកំពត និងស្រុកទឹកឈូ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅសាលាស្រុកទឹកឈូ។

ក្នុងពិធីផ្ដល់អំណោយនោះ លោកអភិបាលខេត្ត ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ បានមួយគ្រាផងដែរ។

អំណោយកាកបាទក្រហម ដែលចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល និងបានឧបត្តម្ភ ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងទាំង៣ ចំនួន ៣៤នាក់ សរុបចំនួន ៥០ម៉ឺនរៀលផងដែរ៕

ដោយ៖ អូនរក្សា