(កណ្ដាល)៖ ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (ស.ស.ក.ក) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សូមផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។

តាងនាមជាថ្នាក់ដឹកនាំសមាជិក-សមាជិកានៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមសំដែងនូវសេចក្ដីរំភើបរីករាយ និងសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្ដចំពោះតំណក់ប្រេងលើកដំបូង ដែលកម្ពុជាទទួលបានជាប្រវត្ដិសាស្រ្ដ និងជានិមិត្ដរូបនៃជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម ដោយនាំមកនូវឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ “ឈ្នះ-ឈ្នះ” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២០) របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី។
តាមរយៈភាពជោគជ័យជាប្រវត្ដិសាស្រ្ដ នៃការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្ដើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ “សន្ដិភាព” របស់ សម្ដេចតេជោនាយករដ្ឋ មន្រ្ដី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្ដិករនយោបាយ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្ដិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាដែលយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរង់ចាំជាច្រើនជំនាន់បានកើតឡើងប្រកបដោយក្ដីមោទភាពពុំអាចកាត់ថ្លៃបាន និងជាពរជ័យដ៏មហាបវរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពជូនពរដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សូមសមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិប្រកបដោយសុខសន្ដិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យឱ្យកាន់តែសម្បូរណ៍រុងរឿង៕