(បន្ទាយមានជ័យ)៖ ខណៈដែលស្រូវបង្កើនរដូវរបស់ប្រជាកសិករ នៅឃុំ រហាត់ទឹក ឃុំបត់ត្រង់ ស្រុកមង្គលបូរី កំពុងតែមានដើមដងលូតតលាស់ល្អ តែងាកទៅមើលសំណង់ពោធិ៍ ២ដើម និងប្រឡាយមេជាច្រើនខ្សែកំពុងរីងហួត ប្រជាកសិករមានការព្រួយបារម្ភអំពីបញ្ហាប្រឈមនឹងការខ្លះទឹក បើសិនជាមន្ត្រីជំនាញ និងអាជ្ញាធរមិនជួយអន្តរាគមន៍ទំលាក់ទឹកមកទេនោះ។

ប្រជាកសិករបានប្រាប់ថា ក្រោយពីទឹកជំនន់ ធ្វើឲ្យប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់ នាពេលកន្លងមក ប្រជាកសិករទទួលបានស្រូវពូជពីប្រមុខរាជរដ្ឋភិបាលកម្ពុជា ប្រភេទ ពូជស្រូវសែនក្រអូប និង អ៊ីអ៊ែរ ជាស្រូវដែលមិនប្រកាន់រដូវ។ ដោយសារទឹកធំ នាំដីល្បាប់ ធ្វើឲ្យស្រូវបង្កើនរដូវរបស់ប្រជាកសិករ លូតលាស់បានល្អ ខ្លះទើបដាំបាន២០ថ្ងៃ ខ្លះទៀត៣០ថ្ងៃ ដែលស្រូវសែនក្រអូបប្រើរយៈពេល៣ខែ និងស្រូវអ៊ីអ៊ែរប្រើរយៈពេល២ខែកន្លះ ទើបប្រមូលផល។

តែព្រួយបារម្ភខ្លាំងនោះ គឺសំណង់ពោធិ៍២ដើម និងប្រឡាយមេដែលជាប្រភពទឹក កំពុងរីងហួត និងកន្លែងខ្លះ នៅសល់បន្តិចបន្តួចមិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេ។ បើស្ថានភាពទឹកនៅតែរបៀបនេះទៀត យ៉ាងយូរ១៥ថ្ងៃទៀត ស្រូវងាប់ជាបណ្តើរហើយ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ថា ស្រូវរបស់ប្រជាកសិករអាចនិងប្រឈមនឹងខ្លះទឹក ដោយសារតែ ការបង្កបង្កើនផលរបស់ប្រជាកសិករ សម្រុកធ្វើច្រើន ពេលទឹកសំបូរពួកគាត់នាំគ្នាបូបទឹកចេញពីស្រែ ហាលដីព្រោះស្រូវ ដល់ពេលបូបទឹកចូលស្រែក៏សម្រុកបូបដូចគ្នា ហើយធ្វើលើសផែនការ ដែលក្នុងផែនការស្រុកតម្រូវ១ម៉ឺនហិកតា ឬលើសតិចតួច តែប្រជាកសិករធ្វើជាង២ម៉ឺនហិកតា។

លោកអភិបាល បញ្ជាក់ថា កន្លងមកនៅពេលប្រជាកសិករប្រឈមនឹងខ្លះទឹកធ្វើស្រែ អាជ្ញាធរ មន្ត្រីជំនាញ បានជួយសម្រួលបង្ហូរទឹក ពីដងស្ទឹងមង្គលបូរី និងសំណង់អូរដូនពៅ ស្រុកបរវេល ខេត្តបាត់ដំបង តែពេលនេះ ប្រភពទឹកនៅផ្នែកខាងលើនេះ ត្រូវបានរីងដូចគ្នា៕