(ភ្នំពេញ)៖ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ៧៥៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៧៨គ្រឿង និងរថយន្ត ១៧៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

បើតាមអ្នកនាំពាក្យ, រយៈពេល ២៤៨ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥០,៩៤៤គ្រឿង ក្នុងនោះមានម៉ូតូ ១៨៤,៧៩០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦៦,១៥៤គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ បត់ជែង ទូរស័ព្ទដៃ និងស្រវឹងជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៤៨ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះស្លាប់ ០៧នាក់ របួស ១៤នាក់ (របួសធ្ងន់ ១១នាក់)។

ដោយឡែក រយៈពេល ២៤៨ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,០៥៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០៤៦នាក់ របួស៣,០៣៤នាក់ (របួសធ្ងន់ ១,៨៥៨នាក់)៕