(ឧត្តរមានជ័យ)៖ ពលករម្នាក់ រួមនិងសមាជិកគ្រួសាររបស់ខ្លួនចំនួន ៨នាក់ទៀត ត្រូវបានកម្លាំងនគរបាល និងក្រុមគ្រូពេទ្យនៅខេត្តឧត្តរមានជ័យ នាំខ្លួនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីពលកររូបនេះ មកពីប្រទេសថៃ មិននៅចូលរួមធ្វើចត្តាឡីស័កដូចគេ បែជាលួចទៅជួបជុំគ្រួសារទៅវិញ។

ពលកររូបនេះមានឈ្មោះ ថាំង សួង អាយុ ២២ឆ្នាំ មានទីលំនៅនៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការនាំខ្លួននេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ។

អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលករទាំងអស់ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តន៍វិធានការសុខាភិបាលឱ្យបានដាច់ខាត។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ត្រីមូលដ្ឋានថា ពលករដែលមកពប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដាច់ខាតត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះពលករមកពីច្រកផ្សេងៗ លោកក៏បានអំពាវនាវឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវតាមដានឱ្យបានច្បាស់ និងត្រូវរាយការណ៍បន្ទាន់មកមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងការពារប្រជាពលរដ្ឋក្នុងភូមិ ឃុំរបស់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩៕