(កោះកុង)៖ លោក ទូ សាវុធ អភិបាលរងខេត្ត កោះកុង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខ និងពាំនាំនូវគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារ ដើម្បីការពារនៃជំងឺកូវីដ១៩ ជូនដល់កងកម្លាំងយោពលខេមរភូមិន្ទវរៈសេនាតូច៣០៣ និងកម្លាំងនគរបាលជាតិវរៈ២០៧ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមានព្រំដែនជាប់គ្នា។

លោកអភិបាលរងខេត្ត បានថ្លែងថា លោកមានសេចក្តីសោមនោស្សរីករាយណាស់ ដែលកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ដែលបានឈរជើង ការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងរឹងមាំ ដើម្បីបូរណៈភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មិនតែប៉ុណ្ណោះ កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ បានការពារ និងឃាត់ខ្លួនពលករចំណាកស្រុកខ្មែរ ដែលលួចឆ្លងដែនពីប្រទេសថៃ តាមច្រកធម្មជាតិនានា រួចបញ្ជូនមកមន្ត្រីសុខាភិបាល ដើម្បីធ្វើតេស្តចក្តាឡីស័កចំនួន១៤ថ្ងៃសិន ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ មុននិងឲ្យគាត់វិលទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារគាត់វិញ។

លោកបានបន្តថា កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ត្រូវធ្វើការត្រួតពិនិត្យឲ្យម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យចំពោះពលករចំណាកស្រុក ដែលលួចឆ្លងដែនពីប្រទេសថៃ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ ពីព្រោះប្រទេសថៃ ដែលជាប់ព្រំដែនជាប្រទេសកម្ពុជាយើង កំពុងមានហានិភ័យខ្ពស់ ។

លោកញ្ជាក់ថា ខេត្តត្រាតរបស់ប្រទេសថៃ ដែលមានព្រំដែនជាប់ខេត្តកោះកុង កំពុងមានការឆ្លងជំងឺកូវីដ១៩ផងដែរ ដូច្នេះដើម្បីការពារ នៃការរីករាលដាលចូលសហគមន៍យើង ត្រូវធ្វើការត្រួតពិនិត្យបានល្អិតល្អន់ គ្រប់ពេលវេលាមិនត្រូវធ្វេសប្រហែសបានឡើយ។

លោកបន្ថែមទៀតថា អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ច ជួយផ្សព្វផ្សាយអប់រំបន្ថែម  និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលរួមអនុវត្តន៍ តាមការផ្សព្វផ្សាយអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចាក់ផ្សាយរាល់ថ្ងៃ  បើសិនមានបញ្ហាសុខភាពខុសពីប្រក្រតី សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិភាក្សាជាមួយគ្រូពេទ្យជំនាញ៕