កណ្តាល៖ នារីអាយុ ១៧ឆ្នាំម្នាក់ ត្រូវជនដៃដល់ចាក់សម្លាប់ ៧កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមគួរឲ្យអណោចអធ័ម ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោង៧:២០នាទី ថ្ងៃទី០៥ មករា ឆ្នាំ ២០២១ ស្ថិតនៅបន្ទប់ជួលមួយក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នារីរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បច្ចុប្បន្នរស់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើជាមួយប្អូនប្រុសបង្កើត អាយុប្រហែល ៧ឆ្នាំ ។
បើតាមចម្លើយរបស់ប្អូនប្រុសបង្កើតរបស់នារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ប្អូនប្រុសនៅក្នុងបន្ទប់ជួលជាមួយបងស្រី ក្រោយមកឈ្មោះពូម៉ាប់ បានចូលមកលេងបងស្រីរបស់គាត់ បន្ទាប់មកជនសង្ស័យខាងលើ បានប្រើប្អូនឲ្យទៅទិញបារី និងបាយ ពេលគាត់ត្រឡប់មកវិញ ស្រាប់តែឃើញបងស្រីរបស់គាត់ដេកស្លាប់ និងមានឈាមហូរលើកម្រាលឥតការ៉ូ ប្អូនក៏ស្រែកឲ្យអ្នកជិតខាងជួយតែម្តង។
ដោយឡែកសាក្សីម្នាក់ទៀត ឈ្មោះ សុភា ភេទស្រី អាយុ១៧ឆ្នាំ ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់នារីរងគ្រោះ បានប្រាប់ CAM ASIA ថា៖ កាលពីសប្តាហ៍មុន នារីរងគ្រោះធ្លាប់បានប្រាប់គាត់ថា មានគេចាប់រំលោភនាង និងគម្រាមសម្លាប់ថែមទៀត បើសិននាងប្រាប់គេ។ រហូតដល់ថ្ងៃកើតហេតុនេះ ស្រាប់តែមិត្តភ័ក្ររបស់គាត់ត្រូវគេសម្លាប់មែន។
បើតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទូច សជាតិ ហៅអាដំរី ត្រូវបានឃាត់ខ្លួនហើយ និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំ។ បន្ទាប់ពីសួរនាំ ជនសង្ស័យបានសារភាពថា រូបគេធ្លាប់បានចាប់រំលោភជនរងគ្រោះកន្លងមក ហើយខឹងជនរងគ្រោះប្រាប់ឪពុកម្តាយ ក៏រំលោភរួច និងចាក់សម្លាប់ចោលតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកសាកសពនារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕