(ព្រះសីហនុ)៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ដព្រះសីហនុ ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៩ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម មានប្រសាសន៍ថា សូមកោតសរសើរចំពោះការ ខិតខំប្រឹងប្រែងអនុវត្ដតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការដឹកនាំ គ្រប់គ្រង់ និងផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋបានប្រសើរ ធានាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ រួមទាំងការកសាង កែលម្អហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុង-ខេត្ដ បានលទ្ធផលជាបន្ដបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្ដម ក៍បានស្នើសុំឱ្យមន្ត្រីរាជការគ្រប់ស្ថាប័ន ទាំងអស់បន្ដរួមសហការគ្នាអនុវត្ដផែនការកាងារអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ បច្ចុប្បន្នរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដើម្បីធានាបាននូវសន្ដុសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ។ល។
ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ថា សម្រាប់គម្រោងអភិវឌ្ឍឆ្នាំ២០២១ មាន៩គម្រោង បន្ទាប់ពីបានការអនុម័ត សម្រេចពីក្រុមប្រឹក្សាខេត្ដថ្ងៃនេះ ថ្ងៃស្អែករដ្ឋបាលខេត្ដ នឹងចេញលិខិតដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីសុំការ អនុលោមក្នុងការអនុវត្ដគម្រោងឱ្យបានទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ចាប់អនុវត្ដពី ដើមឆ្នាំតទៅ ចៀសវាងភាពយឺតយ៉ាវដូចឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅនេះ ដែលការអនុវត្ដគម្រោង គឺបានចាប់ផ្ដើម ពាក់កណ្តាលឆ្នាំ។
ដោយ៖ vun sokchea