(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច  ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២១  មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិ៣  ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រោមអធិបតីភាព លោក លៀម សូដា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋច្រើនផងដែរ ។

លោក លៀម សូដា អភិបាលរងខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាអនុវត្ថទៅតាមនីតិវិធី និងបច្ចេកទេសវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយនឹងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឫអ្នកកាន់កាប់ដីទាំងអស់ ដើម្បីយកទៅប្រើប្រាស់ដូចជា ទៅដាក់បញ្ជាំដាក់ធានាគា និងដាក់ហ៊ីប៉ូតែក ដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ  ក្នុងការលើកស្ទួយជីវិភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ ឫជាឯកសារសំអាងនៅពេលមានជំលោះដីធ្លីកើតមានឡើង ។

លោកប្រធាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវជាម្ចាស់ដី ឫអ្នកកាន់កាប់ដី សូមអញ្ជើញចូលរួម ព្រមទាំងរួមសហការគ្នាក្នុងដំណើរការបិទផ្សាយទិន្នន័យឲ្យទទួលបានជោគជ័យល្អ ។

ដោយ៖ vun sokchea