(ពោធិ៍សាត់)​ កាលពី​ថ្ងៃ​ទី​០៤ ​ខែមករា​ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៥​និង​១៥​នាទី​ និង​ ម៉ោង​ ១៥​និង​២០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៦-១៦៧​ និង​ គីឡូម៉ែត្រ​លេខ​៩១-៩២​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​កន្លែង​ផ្សេង​គ្នា​ បណ្តាល​ឲ្យ​ មនុស្ស​ប្រុស​ស្រី​ ២​នាក់​ រង​របួសធ្ងន់​ (​ខូច​ម៉ូតូ ​២​គ្រឿង​ និង​របួស​សត្វ​គោ​១​ក្បាល​)​ នៅ​ស្រុក​វាល​វែង​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់ទី​កន្លែង​កើតហេតុ​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​ ៖​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ម៉ូតូ​ម៉ាក​ WAVE​ អាល់​ហ្វា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ នុ​ត​ ស​ម្ភ​ស្ស​ ភេទ​ស្រី​ អាយុ ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ធ្វើ​ដំណើរ​ ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៦៦-១៦៧​ នៅ​ចំណុច​ភ្នំ​ត្រ​ង៉ោ​ល​ ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ។​

​លុះ​បើក​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ CAMRY​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2A-2561​ បើកបរ​ដោយ​ឈ្មោះ​ ស៊ិ​ន​ យៀ​ត​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ រស់នៅ​ ភូមិ​រហាល​ ឃុំ​រហាល​ ស្រុក​ព្រះ​នេ​ត​ព្រះ​ ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យ​ របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ខេត្តពោធិ៍សាត់​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​២៖​ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ឈ្មោះ​ បុ​ទ្ធិ​ ស័ក្តិ​សេនា​ ភេទ​ប្រុស​ អាយុ​៣៣​ ឆ្នាំ​ រស់នៅ​ ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ជា​នគរបាល​ ការពារ​ព្រំដែន​ គោក​វរ​:៨២៥​ បាន​បើក​ម៉ូតូ​ម៉ាក​VIVA​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1J-9401​ ធ្វើ​ ដំណើរ​ ពី​កើត​ទៅ​លិច​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៩១-៩២​ នៅ​ចំណុច​ ដូន​នាគ​ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្ត​ ពោធិ៍សាត់​ បាន​ជ្រុល​ទៅ​បុក​សត្វ​គោ​ដែល​បាន​រត់​ឆ្លងផ្លូវ​កាត់មុខ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ខេត្ត​ ពោធិ៍សាត់​ ដើម្បី​ព្យាបាល​ ។​

​ប្រភព​ព័ត៌មាន​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​នគរបាល​បាន​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​រួច​ ហើយ​បាន​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ទាំង​ពីរ​នេះ​បណ្តាល​មក​ពី​
​កត្តា​ល្បឿន​។​ ចំពោះ​ម៉ូតូ​ ទាំង​២​ គ្រឿង​ រថយន្ត​ និង​សត្វ​គោ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ ៕