(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ រៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក លៀម សូដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ លោកអភិបាលស្រុកព្រៃនប់ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួម នៅក្នុងបរិវេណសាលាឃុំអូរឧកញ្ញ៉ាហេង ។

ក្នុងពិធីនោះដែរ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដោយបានធ្វើការវាស់វែងក្បាលដីសរុបបានចំនួន ១៧,៤៩៦ ក្បាលដី បំពេញទំរង់បែបបទនៃការប្រមូល ទិន្នន័យក្បាលដីចំនួន ១៥,២៥៥ និងបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័របានចំនួន ១៤,៤៥៨ ទំរង់បែបបទ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន ២,៩០១ប័ណ្ណ ក្នុងនោះនៅស្រុកស្ទឹងហាវ ក្រុមទី១ ចុះវាស់វែងក្បាលដីបានចំនួន៥,២៩២ បំពេញ ទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំនួន ៣,៩៤៦ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋភូមិ១ ឃុំទំនប់រលកបានចំនួន ១៨៤ ប័ណ្ណ  ចំណែកក្រុមទី ២ ធ្វើការចុះបញ្ជីដីធ្លីនៅក្នុង ស្រុកព្រៃនប់ ឃុំជើងគោ និងឃុំឧកញ៉ាហេង ចុះវាស់វែងក្បាលដីសរុបបានចំនួន ៦,៥៨៥ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ៦,២១៥ បានបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់ក្នុង ឃុំជើងគោ និងបានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋសរុបបានចំនួន ៧៧២ ប័ណ្ណ និងក្រុមទី ៣ធ្វើការចុះបញ្ជីដីនៅក្នុងស្រុកកំពង់សិលាឃុំកំពង់សិលា ចុះវាស់វែងក្បាលដីសរុបបានចំនួន ៥,៥២៧ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ភូមិថ្មី និងភូមិវាល បានចំនួន ១,៩៤៥ ។

ដោយ៖ Vun sokchea