ខេត្តព្រះសីហនុ៖ ដើម្បីបង្កើន សមត្ថភាពដល់ បុគ្គលិកនៅតាមបណ្ដាលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុនិងខេត្តកំពតនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអ្នកវាយតម្លៃបង្គោលផ្នែកបំរើម្ហូបអាហារភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខរយៈពេល ៦ថ្ងៃ ដើម្បីបង្កើនសុវត្ថិភាពទៅដល់បុគ្គលិកតាមបណ្ដាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាល អ្នកវាយតម្លៃបង្គោលផ្នែកបំរើម្ហូបអាហារភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខ សម្រាប់បុគ្គលិកនៅតាមបណ្ដាលអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅក្រុងព្រះសីហនុ និងខេត្តកំពត នាពេលនេះគឺមានសារៈសំខាន់ព្រោះខេត្ត ទាំងពីរកំពុងមានការអភិវឌ្ឍន៍រីកចំរើនក្នុងនោះវិស័យទេសចរណ៍គឺជាវិស័យអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលបានចាត់ទុក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

លោកប្រធានមន្ទីរក៏បានបន្ថែមថាសូមឱ្យសិក្ខាកាមទាំងអស់ ដែលមកពីបណ្ដាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនេះឲ្យបានចប់ចុងចប់ដើម ព្រោះវគ្គនេះមានសារៈសំខាន់ដល់សិក្ខាកាមទាំងអស់ គឺជាគ្រូបង្គោលផ្នែកការិយាល័យជួរមុខ ក្រោយពីបញ្ចប់វគ្គ បងប្អូនទាំងអស់នេះហើយ គឺជាអ្នកវាយតម្លៃបង្គោលផ្នែកបម្រើម្ហូបអាហារនិងភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខ បង្រៀនទៅដល់បុគ្គលិកនៅតាមអាហារដ្ឋានភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ផ្សេងៗរបស់ខ្លួនបន្តទៀត៕