ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរង អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងពិធីនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលបញ្ជាក់ ថាការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និងការបង្កើនមូលធនជូនកម្មសិទ្ធិករ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់ សាធារណជន ដែល ជាអ្នកកាន់កាប់ដី លំនៅឋាន ស្ថិតនៅក្នុងតំបន់ធ្វើការ វវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការ រដ្ឋបាល នឹងធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃ ការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែលពាក់ព័ន្ធដីធ្លី ក្នុងតំបន់វិនិច្ឆ័យ ខាងលើឱ្យចូលរួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះ ក្នុង រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្តឧត្តមមុនីវង្ស ហើយដល់ថ្ងៃផុតកំណត់គណៈកម្មការរដ្ឋបាល សន្មត់ថាទិន្នន័យ ដែលបានបិទផ្សាយជូន ពិនិត្យជាសាធារណៈ នេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បាន សំណូមពរដល់ ម្ចាស់ក្បាលដីមួយចំនួនដែល នៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើសប្បទាន រឺបរិច្ចាគដីផ្នែកខ្លះសម្រាប់ទុកធ្វើផ្លូវ លូ បណ្ដាញផ្លូវរំដោះទឹក ដើម្បីបម្រើជា ប្រយោជន៍រួម ។
លោកបន្ថែមទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់ ដើម្បីយកទៅប្រើប្រាស់ដូចជា កទៅដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក និងសិទ្ធិជួលអចិន្ត្រៃយ៍ ដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ ឬជាឯកសារសំអាងនៅពេលដែលមានជម្លោះដីធ្លីកើតឡើង៕