ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក នៅចំណុចក្រុមទី០៤ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី  ខេត្តបាត់ដំបង ដោយបងថ្លៃកាប់ប្អូនថ្លៃបណ្តាលអោយរងរបួសធ្ងន់ធ្ងរម្នាក់។ តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹង ជនសង្ស័យឈ្មោះ តិល ឌិន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះ១នាក់ឈ្មោះ អ៊ុន ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាប្អូនថ្លៃ) មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវចំកញ្ចឹងកខាងឆ្វេង១កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។

មូលហេតុគឺបណ្តាលមកពីជនល្មើសត្រូវជាបងថ្លៃមានទំនាស់ពាក្យសំដីក្នុងក្រុមគ្រួសារនឹងជនរងគ្រោះទើបឈានចូលដល់ការប្រើហិង្សាដោយកាំបិតកាចែតនេះ ។

ករណីនេះ ដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព:​អគ្គស្នងការរដ្ធានគរបាលជាតិ