(ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបសិរីសោភ័ណ បង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀន ០២នាក់ និងថ្នាំញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ម្នាក់មានឈ្មោះ ឆឺន អ៊ីត ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខ្វឿន ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិគោកបល័ង្គ ឃុំគោក  បល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានដឹកនាំកម្លាំង ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចភុមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន០១ថង់កិប ទម្ងន់៧,៩០ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ ,ទូរសព្ទដៃ០១គ្រឿង នាឡិកាដៃ០១គ្រឿងនិង  សម្ភារៈមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆឺត អ៊ីត បានឆ្លើយសារភាពថារូបគេពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ចំណែកឈ្មោះ ខ្វឿន ជីវ៉ា បានឆ្លើយសារភាថា ពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង និងតាមការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន ជនសង្ស័យាំទង០២នាក់និងវត្ថុតាង ត្រូវបានខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបានបញ្ជូនខ្លួនទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕