(ខេត្តបន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២១ បានអញ្ចើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងបានចែកគ្រឿងឧបភោគ បរិភោគដល់ប្រជាការពារភូមិ ចំនួន២០៩នាក់មកពី១៣ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដើម្បីជួយកិច្ចការងារសង្គម ជួយដល់ប្រជាពលរដ្ឋ។
លោក គាត ហ៊ុល បានមានប្រសាសន៍ កើតសរសើរដល់កម្លាំងប្រជាការពារភូមិ ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងកាលពីអំឡុងខែតុលាកន្លងទៅ និងកំពុងបានខិតខំទាំងថ្ងៃទាំងយប់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ចុះល្បាត និងឈរតាមគោលដៅ រៀបចំសណ្តាប់ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ និងបានជួយសម្រួលការងាររៀបចំបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងនោះ លោក គាត ហ៊ុល ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលជានិច្ជជាកាលឯកឧត្តមតែងតែគិតគូរខ្ពស់ពីសុខទុក្ខ ប្រជាពលរដ្ឋ ប្រជាការពារ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទាំងអស់។
ជាក់ស្តែង ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធរួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់បានចុះជួយគ្រប់គ្រង និង ទទួលពលករខ្មែរ ដែលចេញមកពីប្រទេសថៃដូចជា កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងសកម្ម។ សំរាប់ប្រជាពលរដ្ឋដែលត្រលប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័ក ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា មានដូចជាៈ មុង ភួយ កន្ទេល សារ៉ុង ក្រម៉ា ជាដើម និងថវិកា ២០,០០០រៀល សំរាប់អាហារបរិភោគបីពេលក្នុង១ថ្ងៃ៕