(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានដាក់វិធានការពង្រឹងការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសនៅពេលដែលចុះពិនិត្យនៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពប៉ោយប៉ែត និងមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជម្រាបថា៖ ជាសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការត្រួតពិនិត្យនិងធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃនិងអាជ្ញាធរថៃចាប់បញ្ជូនតាមច្រកអូរបីស្រុកអូរជ្រៅដឹកជញ្ចូនតាមរថយន្តក្រសួងការពារជាតិដាក់តាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ មានចំនួន៥,០៤៨នាក់ស្រី២,២៣១នាក់ ដែលកំពុងដាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន១៧កន្លែង ទូទាំងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឡេ ចាន់សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ដែលបានធ្វើតេស្តម្នាក់មានម្តងទៅ២ដង ហើយក្រសួងសុខាភិបាលបានប្រកាសជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ មានវិជ្ជមានកូវីដ១៩ចំនួន២០នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីចំនួន១២នាក់ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតចំនួន៧នាក់ មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណចំនួន១នាក់។

ក្នុងឱកាសចុះពិនិត្យនៅតាមមណ្ឌលចត្តាឡីស័ក ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍កោតសសើរចំពោះអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី ដែលបានសហការគ្នាល្អជាមួយមន្ត្រីសុខាភិបាលមន្ត្រីរាជការ និងកងកម្លាំងទាំងបីស្ថាប័ន ដែលបានធ្វើការត្រួតពិនិត្យធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ឯកឧត្តមណែនាំដល់ក្រុមគ្រូពេទ្យដែលកំពុងពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ១៩មានចំនួន២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យក្នុងខេត្តបន្ទាយមានជ័យ ហើយជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែពង្រឹងការត្រួតពិនិត្យនិងធ្វីចត្តាឡីស័កចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញដើម្បីបង្កានិងទប់ស្កាត់កូវីដ១៩៕