រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យដែលជាអ្នកបាញ់សម្លាប់លោកវរសេនីយ៍ឯក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ច បាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកន្តៀរ ខេត្តក្រចេះ ខណៈជនសង្ស័យរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនទៀត  ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទើបកម្លាំងបាញ់តបវិញបណ្ដាលឲ្យស្លាប់តែម្ដង ។

ជនសង្ស័យខាងលើមានឈ្មោះ  អ៊ា ណារ៉េន អាយុ ៣៩ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារ១៥ឆ្នាំ ពាក់ព័ន្ធនិងករណីបាញ់ប្លន់យកទូរស័ព្ទ បណ្តាលឲ្យជនរងគ្រោះស្លាប់ កាលពីកំឡុងឆ្នាំង២០០៣ ទើបនឹងចេញពីគុកក្នុងឆ្នាំ ២០១៨ ហើយនៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែធ្នូ ២០២០ ជនសង្ស័យបានបាញ់សម្លាញ់ ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយជនដៃដល់បាន ទាញកាំភ្លើងបាញ់ជនរងគ្រោះ ត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង ហើយនាំគ្នាបើករថយន្តរត់គេចខ្លួនតែម្តង៕