ថ្មីៗនេះមហាជនកំពុងតែផ្ទុះការសង្ស័យម្ចាស់ជ័យលាភី កញ្ញា សេង រដ្ធា Miss Grand Cambodia2020 បេក្ខភាពតំណាងកម្ពុជា គ្រោងនឹងចូលរួមប្រកួត Miss Grand International រៀបចំឡើងនៅក្នុងប្រទេសថៃ ក្នុងខែ មីនា ឆ្នាំ2021 ខាងមុខនេះត្រូវបានប្រឈមនឹងការដកតំណែង។
ដំណឹងនេះ បានធ្វើឱ្យមហាជនអ្នកនិយមគាំទ្រវិស័យបវរកញ្ញា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជុំវិញនឹងបញ្ហានេះដែរ បើតាមលោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia មិនបានបកស្រាយអ្វីឡើយ ប៉ុន្តែលោកបានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «អរគុណគ្រប់យ៉ាងសំរាប់ Fan ៗ Miss Grand Cambodia 2020 សំណួរច្រើនណាស់សម្រាប់ថ្ងៃនេះ ហេតុអីស្ងាត់ម៉េស Miss Grand Cambodia 2020 ? ខ្ញុំមិនចង់បកស្រាយខ្លាចអ្នកគាំទ្រគាត់មិនសប្បាយចិត្តពេលដឹងការពិតត្រូវបានលាតត្រដាងជាសាធារណៈ តែបើមិនបកស្រាយទេគេ Comment ជេរយើងសឹងផ្ទុះទូរស័ព្ទ ចុះពេលដឹងការពិតវិញតើគាត់ Comment យ៉ាងម៉េចវិញ? ខ្ញុំមិនចង់ល្បីទេរាល់ថ្ងៃ ហត់នឿយនឹងរឿងសេដ្ឋកិច្ចយ៉ាប់យ៉ឺនផង សន្និសីទកាសែតនឹងកើតមានឡើងឆាប់ៗនេះរងចាំតាមដានការពិតទាំងអស់គ្នា» ។
ការបង្ហើបពីលោក អ៊ិន សុភិន នេះ រឹតតែធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងខ្លាំង ដោយចង់ដឹងថាមានរឿងក្រោយខ្នងយ៉ាងណាខ្លះ ទើបឈានដល់ផ្ទុះព័ត៌មានដ៏ក្តៅគគុកនេះឡើង ។ បើងាកទៅកាន់ផេក Team Cambodia វិញ បានបង្ហាញដំរួយខ្លះៗជុំវិញរឿងរ៉ាវនេះ ដោយតាមរយៈការបង្ហោះរូបភាព និង សារមួយចំនួននោះ បានបង្ហាញឱ្យឃើញថាពេលនេះ កញ្ញា សេង រដ្ឋា និង ស្ថាប័ន Miss Grand Cambodia កំពុងមានបញ្ហាមួយចំនួនបានកើតឡើង ប៉ុន្តែតែមិនទាន់ដឹងច្បាស់នៅឡើយ ។
ទោះយ៉ាងនេះក្តី ការដកតំណែងកញ្ញា សេង រដ្ឋា ឬក៏អត់នោះ នៅមិនទាន់ច្បាស់លាស់នៅឡើយ ហើយនៅពេលខាងមុន លោក អ៊ិន សុភិន ក៏បានបញ្ជាក់ក្នុងសារផងដែរថា នឹងមានការធ្វើសន្និសីទកាសែតបញ្ជាក់រឿងរ៉ាវនេះ ៕