(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយមួយចំនួនដែលថា មានការសូកប៉ាន់រហូត ១៥០០០ដុល្លារក្នុងម្នាក់ៗ ដើម្បីចូលក្របខណ្ឌពេទ្យ នៅខេត្តបន្ទាយមានជ័យ។
លោកជំទាវ រដ្ឋលេខាធិការ បានចាត់ទុកថា នេះជាការចុះផ្សាយបែបចោទប្រកាន់មានចរិតញុះញង់ដោយគ្មានការភាពច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងយប់ទាំងថ្ងៃ គ្មានបានសម្រាក ។
«ក្រសួងសុខាភិបាល សុំបញ្ជាក់ថា ការជ្រើសរើសចូលក្របខណ្ឌនេះ មន្ទីរសុខាភិបាលខេត្ត មិនមានសិទ្ធិក្នុងការសម្រេចនោះឡើយ គឺគ្រាន់តែអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ក្នុងការរៀបចំសំណើរមកក្រសួងដោយផ្អែកលើគោលការណ៌ណែនាំ។
ប្រសិនបើមានហេតុការណ៌កើតមានឡើងតាមការចោទប្រកាន់បែបនេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យអ្នកដែលបានលើកពីករណីសូកប៉ាន់នៅខេត្តនេះ បង្ហាញភ័ស្តុតាងច្បាស់លាស់ ដើម្បីក្រសួងចាត់ការតាមនិតិវិធី ហើយទាំងអ្នកសូក និងអ្នកស៊ីសំណូក នឹងទទួលទោសដូចគ្នា»។
ក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន បានស្នើឱ្យសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយដំណឹងខាងលើនេះ មានការកែតម្រូវឡើងវិញជាចាំបាច់ផងដែរ៕