(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ចេញពីគុកបាន០៧ថ្ងៃ ត្រូវជាប់គុកម្តងទៀត ពីបទបង្កខូចខាតទ្រព្យសម្បត្តិបងប្អូនបង្កើតដដែល បុរសចិត្តខ្លាំងខាងលើនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ចាត់ការបន្ត។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនបង្ក ឈ្មោះ រីក រួន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់បានជាប់គុករយៈពេលជិត០១ឆ្នាំ ពីបទបង្កឲ្យខូចខាតព្រព្យសម្បត្តិអ្នកដទៃ(ផឹកស្រាស្រវឹងដុតម៉ូតូបងប្អូនជីដូនមួយ)។
លោកបញ្ជាក់ថា នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២១ ជននេះបានផឹកស្រាស្រវឹង ហើយបានមករកបងប្អូនដោយសួររកមុខអ្នកដែលបានប្តឹងខ្លួនឲ្យនគរបាលចាប់ខ្លួនដាក់គុកកាលពីលើកមុន និងខឹងម្តាយមិនព្រមរកប្រពន្ធឲ្យ និងថាមានបងប្អូនយកសោរម៉ូតូលាក់មិនឲ្យខ្លួនជិះ បានដើរស្រែកគំរាមអ្នកជិតខាង ថាបើអាណាហ៊ានខ្លាំងជាមួយខ្លួន នឹងវាយទាល់តែងាប់ បន្ទាប់មកជននេះ បានធ្វើសកម្មភាពយកដំបងឈើវាយបំផ្លាញ ម៉ូតូ វាយឡាន វាយកញ្ចក់ទ្វារផ្ទះ កញ្ចក់បង្អូចផ្ទះ របស់ឈ្មោះរីក សំរឿង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងបង្កើត រស់នៅក្នុងស្រុកភូមិជាមួយគ្នា បណ្តាលឲ្យបែកបាក់ខូចខាតអស់ រួចហើយរត់គេចខ្លួន ។
លោកអធិការ បញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំណាំតៅ បានចុះស្រាវជ្រាវ និងឈានដល់ចាប់ឃាត់ខ្លួនជនបង្កឈ្មោះ រីក រួន ដែលរត់ទៅសំងំលាក់ខ្លួននៅផ្ទះម្តាយបង្កើតរបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕