កណ្ដាល៖ ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល បានរៀបចំពិធីកាត់ខ្សែរបូរឆ្លងខ្លោងទ្វារវត្តស្អាងស្រែ ដោយមានការចូលរួមពី ព្រះគ្រូអនុគុណស្រុកស្អាង ព្រះនាម មាស សំណាង ជាចៅអធិការវត្តព្រែកអំបិល ព្រះគ្រូចៅអធិការវត្តស្អាងស្រែ ព្រះនាម ជួប ជុក ព្រះគ្រូសូត្រស្ដាំវត្តស្អាងស្រែ ព្រះនាម ជុករ៉ា  លោក សួង សារុន  និងលោកស្រី សូ សុខឃីម ត្រូវជាភរិយាព្រមទាំងបុត្រ ជាអ្នកកសាងនូវខ្លោងទ្វារវត្តស្អាងស្រែខាងលើ។

          

នេះជាសមិទ្ធផលមួយ ដែលប្រសូត្រចេញពីទឹកចិត្តសប្បុរសនៃគ្រួសាររបស់លោក សួង សារុន និងលោកស្រី សូ សុខឃីម ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាវិស័យមួយដ៏សំខាន់ដែលមិនអាចកាត់ថ្លៃបានសម្រាប់ជាតិ។

ជាមួយគ្នានេះផងដែរក្រុមគ្រួសារលោក សួង សារុន ក៏បានចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រចំនួន ១២០នាក់ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ កងប្រជាការពារ ក្រុមប្រឹក្សាឃុំស្អាងភ្នំ ក្រុមយុវតីវត្តស្អាងស្រែ និង ចាស់ព្រឹទ្ធាចារ្យ ចំនួន ២២០នាក់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ៕