(ខេត្តបន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដាក់កម្លាំងចុះពិនិត្យអាវុធគ្រឿងផ្ទុះ នៅតាមគោលដៅពីរដែលសំខាន់ៗ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតឲ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ រួមទាំងអនុវត្តន៍ទៅតាមសេចក្តីណែនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបន្ទាយមានជ័យផងនោះ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ នៅលើដងផ្លូវនៅក្នុងភូមិសាស្ត្រសំខាន់ៗក្នុងក្រុង ទៅលើមធ្យោបាយ ធ្វើដំណើរគ្រប់ប្រភេទ ដែលបានឆ្លងកាត់គោលដៅរបស់សមត្ថកិច្ច ក្នុងគោលបំណងអនុវត្តន៍អោយបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ អំពើចោរកម្ម ការជួញដូរ ចរាចរណ៍គ្រឿងញៀនគ្រប់ប្រភេទ និងចូលរួមទប់ស្កាត់នូវបទល្មើសផ្សេងៗផងដែរ។

លោកវរសេនីយ៍ឯក សៅ សារឿន បញ្ជាក់ថា ក្រៅពីសកម្មភាពពិនិត្យអាវុធគ្រឿងផ្ទុះ កម្លាំងនគរបាលក៏បានជួយពន្យល់ណែនាំ ឲ្យប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ ពាក់ម៉ាស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕