​បាត់ដំបង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​ស្រះ​ចក​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ មាន​ករណី​ផ្ទុះ​មីនតោន​ ខណៈដែល​បុរស​ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ឱ្យ​គេ​ឈ្មោះ​ ឌុ​ល​ គង់​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​កណ្ដោល​ ឃុំ​សន្តិភាព​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ​បើកបរ​ត្រាក់ទ័រ​ភ្ជួរដីចម្ការ​ឲ្យគេមួយ​កន្លែង​ ​បាន​កិន​ចំ​មីនតោន​មួយ​គ្រាប់​ ដែល​កប់​ទុក​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​ បណ្តាល​ឱ្យ​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ដី​ និង​បណ្តាល​ឱ្យ​ខូ​ខាត​ត្រាក់ទ័រ​ស្ទើរ​ទាំងស្រុង​ តែគាត់ពិតជាសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ដែលមិនប៉ះពាល់ដល់អាយុជីវិត។​

​បន្ទាប់​ពី​កើតហេតុ​ភ្លាមៗ​ ជន​រង​គ្រោះ​ត្រូវ​បាន​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ ហើយ​រហូត​ដល់​ពេល​នេះ​ស្ថានភាព​ជន​រង​គ្រោះ​បាន​ល្អ​ប្រសើរ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​ ។​

​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​បញ្ជាក់​ថា​ ដីចម្ការ​ដែល​កើត​ឧប្បត្តិហេតុ​ផ្ទុះ​មីនតោន​នា​ថ្ងៃនេះ​ គឺជា​ដីចម្ការ​ដែល​ម្ចាស់​គាត់​បាន​ភ្ជួរ​រាស់​ដាំ​ដំណាំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ មិន​ដែល​មាន​ឧបទ្ទវហេតុ​បែប​នេះ​ទេ​ ទើបតែ​ពេល​នេះ​ក៏​ជួប​ប្រទះ​នូវ​ឧប្បត្តិហេតុ​បែប​នេះ​តែ​ម្តង​ ។​

​សូម​ជម្រាប​ជូន​ថា​ ទឹកដី​ព្រំដែន​ គឺជា​ទីតាំង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​គ្នា​រវាង​គា​គី​ខ្មែរ​ពី​អតីតកាល​ ហើយ​ទីនោះ​នៅ​បន្សល់​ទុក​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​នៅ​ក្នុង​ដី​ និង​នៅ​លើ​ដី​នៅឡើយ​ ។​ យូរៗ​ម្តង​ឧបទ្ទវហេតុ​ដែល​បង្ក​ដោយ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ តែង​បង្ក​ឱ្យ​កើត​នូវ​សោកនាដកម្ម​ដល់​អាយុជីវិត​មនុស្ស​ និង​អន្តរាយ​ទ្រព្យសម្បត្តិ​ទៀត​ផង​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលការពារជាតិ