ភ្នំពេញ ៖ ម៉ូតូធំៗរាប់រយគ្រឿង ដែលបានបំពងសំឡេងរំខានដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ត្រូវបាននគរបាលធ្វើការឃាត់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូទាំងនោះដោះស៊ីម៉ាំង និងធ្វើកិច្ចសន្យា បន្ទាប់មកអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ តែប្រសិនបើម្ចាស់ទាំងនោះមិនព្រមធ្វើតាមកិច្ចសន្យាទេ នឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ។

ការចុះប្រតិបត្តិការណ៍ត្រួតពិនិត្យនូវម៉ូតូធំៗទាំងនោះ គឺបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំទៅដល់នគរបាលខណ្ឌទាំង១៤ ត្រូវលុបបំបាត់ឲ្យបានចំពោះសកម្មភាពនៃការប្រើប្រាស់មធ្យោបាយដែលបានកែច្នៃបំពង់ស៊ីម៉ាំងនៅលើដងផ្លូវសាធារណៈ ដើម្បីធានានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ រួមចំណែករក្សាបរិស្ថានសង្គមឲ្យមានភាពល្អប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពី ការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិត ដោយយានយន្តគ្រប់ប្រភេទ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានស្នើដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ប្រកាន់នូវឥរិយាបថ និងក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈ ជៀសវាងការប្រើប្រាស់តួនាទីបង្កបញ្ហាធ្វើឲ្យមានការថ្នាំងថ្នាក់ និងប្រតិកម្មពីប្រជាពលរដ្ឋអំឡុងពេលបំពេញភារកិច្ច។

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលការពារជាតិ