កំពង់ចាម ៖ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នាវេលាម៉ោង ២៣និង២០នាទី នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីឃាតកម្មមួយកើតឡើង ដោយជនដៃដល់ បានធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ឌឿន តូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានមកចូលរួមពិធីមង្គលការមួយកន្លែង ស្ថិតនៅភូមិកើតហេតុខាងលើនេះដែរ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីហូបការរួច ជនរងគ្រោះបានដើរចេញពីរោងការទៅយកម៉ូតូរបស់ខ្លួន ដែលផ្ញើទុកនៅខាងត្បូងរោងការ ដើរមិនទាន់ទៅដល់ផងក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតបណ្ដាលឲ្យរងរបួសផ្នែកមុខជាច្រើនកាំបិត រយះកំភួនដៃ និងដាច់កដៃខាងឆ្វេង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីអធិការនគរបាលស្រុកបាធាយ បានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ ។
រហូតដល់ថ្ងៃទី២៥ ខែឆ្នាំដដែល នៅវេលាម៉ោង ២០និង០០នាទី ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាព០១នាក់ ឈ្មោះ តឿន ទុំ ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន មូលហេតុកាប់ច្រឡំរឿងគំនុំ ជាមួយភ្ញៀវខាងកូនកំលោះ ព្រមទាំងបានដកហូតវត្ថុតាង ដាវចំនួន០១ផងដែរ ។
សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ន និងកំពុងចងក្រងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ៕