ភ្នំពេញ ៖ នៅព្រឹកទីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ ថៅកែដេប៉ូបូមខ្សាច់ល្បីឈ្មោះម្នាក់ នៅគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទរំលោភលើទំនុកចិត្ត និងបទក្លែងឯកសារសាធារណៈ ។
ជនសង្ស័យត្រូវបានបានឃាត់ខ្លួននោះ ឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិបោះអង្កាញ់ ផ្លូវលេខ១១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យ បានគេចវេសមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច និងដីកាបញ្ជារអោយចូលខ្លួនរបស់ព្រះរាជអាជ្ញាអមតុលាការ ។
ឈ្មោះ ឡុង ហ្វីលីប បានសារភាពថា ខ្លួនបានបើកក្រុមហ៊ុនឈ្មោះ MPL ធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចគល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយនៅក្នុងឆ្នាំ២០១៧ ខ្លួនបានខ្ចីប្រាក់ពីប្អូនធម៌ឈ្មោះ សាយ សេងថៃ ចំនួន ២ម៉ឺនដុល្លារ ដើម្បីយកទៅបង់ពន្ធរថយន្តដែកបញ្ជារទិញពីឌូបៃនាំចូលមកប្រទេសកម្ពុជា ប៉ុន្តែប្រាក់នេះបង់មិនគ្រប់ទើបខ្លួនសុំខ្ចីបន្ថែមចំនួន៣ម៉ឺនដុល្លារទៀត ដោយការខ្ចីម្ដងៗ ខ្លួនបានចេញសែកតម្កល់ និងដាក់ប្លង់ដីដើម្បីធានាលើបំណុល។ ក្នុងនោះប្រាក់ដែលត្រូវបង់ពន្ធចំនួន៤៨ ០០០ដុល្លារលើរថយន្ត១២គ្រឿងដែលនាំចូល មានរថយន្តបាឡែន រថយន្តព្រូស និងរថយន្តលុចស៊ីស ។ បន្ទាប់មកខ្លួនបានលក់រថយន្តទាំងនោះអោយក្រុមហ៊ុនមួយចំនួន ប៉ុន្តែក្រុមហ៊ុនទាំងនោះស្ទះលុយបង្វិលប្រាក់សងមកខ្លួនមិនទាន់ពេលវេលាដែរ ទើបខ្លួននៅជំពាក់ប្អូនធម៌ឈ្មោះ សាយ សេងថៃ ដល់សព្វថ្ងៃ ។
បច្ចុប្បន្នព្រះរាជអាជ្ញាអមតុលាការកំពុងធ្វើការសាកសួរឈ្មោះ ឡុង ហ្វីលីប បន្តដោយមិនទាន់មានការសម្រេចបែបណានោះទេ ៕