រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​​បែក​ថ្នាំ បាន​យក​សាំង​មួយ​លី​ត្រមក​ចាក់​ពីលើ​ខ្លួន រួច​ប៉ុនប៉ង​ដុត​ខ្លួនឯង ធ្វើ​ឱ្យ​ឆាបឆេះ​រោលរាល​រាង​កាយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​មិន​ស្គាល់​អត្ត​សញ្ញាណ​​នោះ​ទេ មាន​អាយុប្រមាណ​ជា ​៣០​ឆ្នាំ និង​សង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ ដោយ​បាន​យក​សាំង​ចំនួន​១​លី​ត្រមក​ចាក់​ពីលើ​ខ្លួនឯង​ជោក រួច​​ដុត​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ​តែ​ខណៈឆេះ​ក្តៅ​រោលរាល​លើ​ខ្លួនប្រាណ​ធ្វើ​ឲ្យ​បុរស​រូប​នេះ​រត់​ពេញ​តែ​ផ្លូវ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ទឹក​មក​ស្រោច ដើម្បី​ពន្លត់ភ្លើង ទម្រាំ​រលត់​បាន​ឆេះ​រលួយ​ខ្លួនប្រាណ​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​តែ​ក្តៅ​ខ្លាំង​ពេក បុរស​រូប​នោះ​បានរ​ត់ទៅ​ឱ្យ​បងប្អូន​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ តែ​មិន​មាន​អ្នក​ជួយ​ទេ សូ​ម្បី​តែ​សមត្ថកិច្ច​នៅ​គោលដៅ​ខាងលើ​ផង​ដែរ ទើប​ធ្វើ​ឲ្យ​គាត់​រត់ឡើង​លើ​រថយន្ត​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ តែ​មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ឲ្យ​ជន​រង​គ្រោះ​ឡើង​ជិះ​លើ​រថយន្ត​នោះ​ទេ ទាល់តែ​រត់​បាន​ ៥ទៅ ៦​គីឡូម៉ែត្រ ​ដល់​សង្កាត់​សំរោង​ក្រោម ក៏​ត្រូវ​បាន​សមត្ថកិច្ច​សង្កាត់​សំរោង​ក្រោម ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ព្យាបាល​តែ​ម្តង ។

ក្រោយ​ពេល​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដោយសារ​តែ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ពេក មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​ព្យាបាល​បន្ត​ផង​ដែរ ៕