ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់គ្រឿងចក្រ ០៨គ្រឿង ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីយកប្រើប្រាស់សំរាប់ស្ថាបនា ជួសជុល និងថែរក្សាផ្លូវថ្នល់ក្នុងខេត្តបន្ទាយមានជ័យ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា នេះថា គ្រឿងចក្រដែលខាងមន្ទីរ ទទួលគ្រឿងចក្រ ៨គ្រឿង ពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន នាពេលកន្លងទៅថ្មីៗនេះ មាន៖ អេស្កាវ៉ាទ័រ ម៉ាស៊ីរំញ័រ លីវ៉ាល័រ រ៉ូឡូ និងគ្រឿងចក្រសំរាប់ ស្ថាបនាផ្លូវថ្នល់ផ្សេងៗទៀតសរុបចំនួន ០៨គ្រឿង ដើម្បីឲ្យខាងមន្ត្រីជំនាញមន្ទីរចុះស្ថាបនា ស្តារ ជួសជុល និងថែរក្សាផ្លូវថ្នល់ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយពីទទួលបានគ្រឿងចក្រ ជាការណែនាំពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោកខិតខំអនុវត្តឲ្យបានខ្ចប់ខ្ជួន ដើម្បីជួសជុល ស្ថាបនា និងរក្សារផ្លូវថ្នល់នៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លោក សុក ចាន់ថា ចាប់ពីទទួលដំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថាមានសកម្មភាពជាច្រើន ដែលលោកបានដឹកនាំចុះស្តារ ជួសជុល និងស្ថាបនាបានផ្លូវជាច្រើនកន្លែង និងកំពុងបានជួសជុល ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកាលពេលកន្លងមកផងដែរ៕

ដោយ៖ សៅ នៅ