កណ្តាល: ករណីឃាតកម្មទៅលើបុគ្កលិកផ្ទះសំណាក់អាយុ ១៥ឆ្នាំម្នាក់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍៍នេះកើតហេតុថ្ងៃទី ២៨ មករា ២០២១ វេលាម៉ោង ៥.៤៥នាទីព្រឹក ចំណុចផ្ទះសំណាក់ យីហោ ៣៦២ បន្ទប់លេខ៧ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចាន់ សុខឃាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្កលិកផ្ទះសំណាក់ ស្នាក់នៅផ្ទះសំណាក់៣៦២ កន្លែងកើតហេតុខាងលើ។
ម្តាយឈ្មោះ លន់ តាំងអេង ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ អនាម័យផ្ទះសំណាក់៣៦២ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែកជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានគេចខ្លួនដោយសុវត្ថិភាព។
ចំពោះសម្ភារៈដែលបាត់បង់៖ ១-ម៉ូតូ ០១គ្រឿងម៉ាក Honda C125 ឆ្នាំ២០១៨ ស្លាកលេខ ភ្នំពេញ 1GP-6929 (របស់ម្ចាស់ផ្ទះសំណាក់) ។
២-ទូរស័ព្ទ ១គ្រឿងរបស់ជនរងគ្រោះ ម៉ាកVIVO ពណ៌ខៀវ ។
វត្ថុតាងនៅកន្លែងកើតហេតុ៖ ១-កន្ទុយបារីដែលជក់រួចហើយ ០២ដើម ពណ៌លឿង និងពណ៌ស
២-ស្រាបៀរ ANCHOR ០៤កំប៉ុង ផឹកអស់ ២កំប៉ុង និងនៅសល់ ២កំប៉ុង
៣-ភេសជ្ជៈកូកាកូឡា ២កំប៉ុងផឹករួច
៤-អាវក្រណាត់ដៃវែងពណ៌ប្រផេះ០១ របស់ជនសង្ស័យ។
បើតាមការរៀបរាប់របស់ម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ ០២នាក់ បាននាំគ្នាដើរមកផ្ទះសំណាក់៣៦២ រួចហើយជួលបន្ទប់លេខ៧ ដេកស្នាក់នៅ តែខាងអ្នកមើលការខុសត្រូវ ផ្ទះសំណាក់មិនបានកត់ឈ្មោះ ឬទាមទារយកអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនឡើយ។
រហូតមកដល់វេលាម៉ោង ០៣.៣០នាទី រំលងអាធ្រាត្រ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យចូលក្នុងបន្ទប់លេខ៧ ហើយនាំគ្នាចាប់សង្កត់ដៃជើង និងយកកន្សែងរឹតខ្ទប់មាត់រហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់មកនាំគ្នាចេញពីបន្ទប់ រួចចាក់សោរ បន្ទប់ពីក្រៅជាប់ ហើយនាំគ្នាកាត់សោរច្រវ៉ាក់ យកម៉ូតូរបស់ម្ចាស់ផ្ទះសំណាក់ ជិះគេចខ្លួនបាត់ទៅ។
លុះព្រឹកឡើងថ្ងៃទី២៨ មករា ២០២១ វេលាម៉ោង០៥.៣០នាទី ឈ្មោះ អឿន សុជាតិ ភេទស្រី អាយុ ២៩ឆ្នាំ ដែលជាម្ទាស់ផ្ទះសំណាក់ បានក្រោកពីដំណេក ក៏ស្រាប់តែបាត់ម៉ូតូម៉ាកHonda C125 ឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GP-6929 ដែលបានទុកមុខបន្ទប់ដេក ហើយស្រែកហៅជនរងគ្រោះដែលបុគ្គលិកធ្វើការផ្ទះសំណាក់ តែមិនឃើញឆ្លើយតប ទើបឆែកកាមេរ៉ាសុវត្ថិភាព រួចឃើញមានជនសង្ស័យ ០២នាក់ ដែលមកស្នាក់នៅបន្ទប់លេខ៧ បាននាំគ្នាកាត់សោរច្រវ៉ាក់ម៉ូតូ លួចយកទៅបាត់ ហើយក៏ទៅមើលបន្ទប់លេខ៧ ឃើញចាក់សោរ បានយកសោរមកចាក់ចូលឃើញ ក៏ឃើញជនរងគ្រោះដេក ស្លាប់លើគ្រែ ដោយមានកន្សែង ចងរុំមុខ យកខ្នើយដាក់ពីលើមុខ។
បន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏បានរាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកសពជនរងគ្រោះបានប្រគល់ជូន ម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។