ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ បានអានរបាយការណ៍ដោយបានគូសបញ្ជាក់ថា ដើម្បីបង្កើនការគ្រប់គ្រងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអូលូប្រឡាយ ដោះស្រាយទំនាស់បញ្ហាដីធ្លី ការរៀបសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ តាមតំបន់ឆ្នេរ ដោះស្រាយបញ្ហាទឹកកខ្វក់ និង ជម្រុញសេវាសាធារណៈឲ្យមានភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលក្រុងសម្រេចបានល្អជូនបងប្អូនប្រជាពលរដ្ឋ។


ទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈម មួយចំនួនដូចជា បញ្ហាសំណង់មិនរៀបរយនៅតំបន់ឆ្នេរ សំណង់នៅទំនប់រលក បញ្ហាចំណតមិនគ្រប់គ្រាន់- គ្មានចំណតរថយន្តក្រុងឡានតាក់ស៊ី និងឡានដឹកទំនិញគ្មានចំណតផ្សារ-ចំណតសាធារណៈមិនគ្រប់គ្រាន់តាមស្ថានភាពជាក់ស្តែងបញ្ជាការប្រមូលបោសសម្អាត និងដឹកជញ្ជូនសំរាម- ផ្លូវតូចៗក្នុងភូមិសាស្ត្រមួយចំនួនក្នុងក្រុងដូចជាតំបន់ទំនប់រលក បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការលក់ដូរសម្ភារៈប្រើប្រាស់ និងម្ហូបអាហារ បន្លែ ត្រី សាច់ តាមមធ្យោបាយចល័តដូចជា រទេះរុញ ម៉ូតូកង់បី រ៉ឺម៉ក និងឡានកែច្នៃ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។

ហើយទិសដៅបន្តរដ្ឋបាលក្រុង និងខិតខំដោះស្រាយបញ្ហាទាំងអស់នេះក្នុងឆ្នាំ២០២១ ដើម្បីធ្វើយ៉ាងណារក្សា អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៍ដូចជារបស់ក្រសួងមហាផ្ទៃស្តីពីការចាត់តាំងអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង ៨ចំណុច ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងក្រុង ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងអ្នកវិនិយោគ ដែលកំពុងរស់នៅ និងវិនិយោគនៅក្រុងព្រះសីហនុ។

ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ន ក្រុងព្រះសីហនុ ប្រៀបដូចជាមេដែក មិនត្រឹមតែទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិធំៗប៉ុណ្ណោះទេ សូម្បីតែអ្នករកស៊ីក្នុងស្រុកធម្មតា ក៏សម្រុកចូលមកធ្វើអាជីវកម្មនៅក្នុងក្រុងនេះដែរ ដោយសារតែនៅទីនេះមានសុខសុវត្ថិភាព និងមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗជាច្រើន រួមមាន៖
– កំពង់ផែអន្តរជាតិ ទឹកជ្រៅតែមួយគត់របស់ប្រទេស កម្ពុជា- មានព្រលានយន្តហោះអន្តរជាតិ១ ក្នុងចំណោមព្រលានយន្តហោះអន្តរជាតិទាំងបី នៅក្នុងប្រទេស
– ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពុងត្រូវបានកែលម្អស្ទើរតែរួចរាល់ទាំងស្រុង-ជាក្រុងដែលជាប់ឆ្នេរសមុទ្រស្អាតជាងគេ- ជាពិសេសថ្មីៗនេះ តំណក់ប្រេងកម្ពុជាក៏មានវត្តមាននៅក្នុងទីតាំងខេត្តព្រះសីហនុដែរ។
ឯកឧត្តមបានបន្តទៀតថាក្នុងនាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាជ្ញាធរក្រុងក៏ដូចជាបណ្ដាអង្គភាពពាក់ព័ន្ធក្នុងការចូលរួម គ្រប់ពហុជំនាញក្នុងការដោះស្រាយ និងការអភិវឌ្ឍខេត្តព្រះសីហនុសម្រេចបានក្នុងឆ្នាំ២០២០ និងបន្តអនុវត្តន៍ឱ្យកាន់តែល្អប្រសើរនូវបញ្ហាសេសសល់ នឹងខិតខំបន្តដោះស្រាយបញ្ហា ក្នុងឆ្នាំ២០២១ ឲ្យទទួលបាន ជោគជ័យផងដែរ៕

​