សៀម​រា​បៈ​ ​វិនិយោគិន​ដែល​បាន​និង​​កំពុង​ធ្វើអាជីវកម្ម​នៅ​ខេត្តសៀមរាប ​បាន​បារម្ភ​ពី​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅក្នុង​ខេត្តសៀមរាប​ ​ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ​មួយចំនួន​ត្រូវ​បាន​បិត​ទ្វា​ ​និង​មិន​ទទួល​បាន​ចំណូល​ច្រើន​ដូច​កាលពី​ពេលមុន​ ​និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ ​នៅក្នុង​ខេត្ត​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​ប្រកបដោយ​និរន្តរភាព​ឡើងវិញ​។​

​យោង​តាម​កិច្ចប្រជុំ​ស្តី​ពី​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ ​រវាង​រដ្ឋបាល​ខេត្តសៀមរាប​ ​និង​វិនិយោគិន​ជាតិ​ ​អន្តរជាតិ​ ​កាលពី​ថ្ងៃទី៣​ ​ខែមករា​ ឆ្នាំ២០២០​ ​វិនិយោគិន​ជាច្រើន​បាន​លើកឡើង​ ​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ ​ព្រមទាំង​ការ​ឈប់​ធ្វើអាជីវកម្ម​របស់​សណ្ឋាគារ​មួយចំនួន​ ​នៅក្នុង​ខេត្តសៀមរាប​ ​។​
​ក្រុម​វិនិយោគិន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​លើកឡើង​ពី​ការ​ត្អូញត្អែរ​ដោយ​ផ្តោត​ទៅលើ​បញ្ហា​ទេសចរណ៍​វប្បធម៌​ ​បរិស្ថាន​ ​ផ្លូវថ្នល់​ ​អនាម័យ​ ​ឲ្យ​ប្រកបដោយ​និរន្តរភាព​ ​និង​ ​បញ្ឈប់​នូវ​ភា​ពប្រ​ងើយ​កន្តើយ​របស់​មន្ត្រី​បដិសណ្ឋាកិច្ច​ ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​នៅ​គ្រប់​ច្រក​ទ្វារ​ចេញ​ ​ចូល​ ​ព្រមទាំង​យកចិត្ត​ទុកដាក់​ពី​បញ្ហា​ស​ណ្ឋាប់​ធ្នាប់​សាធារណៈ​ ​ឲ្យបាន​ជាប្រចាំ​ ​និង​កំណត់​ទី​ចំណត​ម៉ូតូ​រ៉ឺម៉ក់​កង់​បី​ឲ្យបាន​ត្រឹមត្រូវ​ ​ព្រមទាំង​បាន​លើក​នូវ​សំណូមពរ​មួយចំនួន​ ​សំខាន់​ទី​ផ្លូវ​ថ្មើរជើង​ ​សម្រាប់​ភ្ញៀរ​ដើរកម្សាន្ត​ក្នុង​ក្រុង​ ​និង​ ​សុំ​ឲ្យ​លុបបំបាត់​កា​រយ​កច​ញ្ជើម​ផ្លូវ​ទៅ​ធ្វើ​ទីកន្លែង​លក់ដូរ​ទៀតផង​ ​។​
​លោក​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​បានឱ្យ​ដឹង​ថា​ ​រាល់​ចំណុច​មួយចំនួន​ដែល​បងប្អូន​បាន​លើក​មកនេះ​ ​គឺ​ត្រូវ​បាន​គេ​ធ្វើការ​វាយប្រហារ​ដល់​អាជ្ញាធរ​ខេត្ត​នា​ពេល​កន្លងមក​ ​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ ​តែមួយ​ចំនួន​អាជ្ញាធរ​ខេត្ត​ ​ក៏បាន​កំពុងធ្វើការ​អនុវត្ត​ទៅតាម​គម្រោង​ប្រចាំឆ្នាំ​របស់​ខេត្ត​ផង​ដែរ​។​ ​​លោក​បន្ត​ថា​ ​“​ការ​ជួបជុំ​រវាង​រដ្ឋបាល​ខេត្ត​ ​និង​វិនិយោគិន​ជាតិ​ ​អន្តរជាតិ​នា​ពេលនេះ​ ​គឺ​ដើ​មី្ប​ស្វែងរក​នូវ​ដំណោះស្រាយ​ ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​ ​ប្រកបដោយ​និរន្តរភាព​ ​ដោយ​មិន​ចាំតែ​មើល​បណ្តាំ​គ្នា​ ​រឹះ​គុណ​គ្នា​ទៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះ​ឡើយ​”​។​ ​លោក​បន្ត​ថា​ ​“​បញ្ហា​នេះ​បាន​ធ្វើ​ ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​ ​ក្រុម​គ្រួសារ​ ​ដូចជា​ការ​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​នា​ពេលនេះ​ ​គឺ​ដោយ​បងប្អូន​មួយចំនួន​មិនបាន​គិត​បាន​វែងឆ្ងាយ​ ​អំពី​ផលប្រយោជន៍​ជាតិ​ ​និង​ ​សង្គមជាតិ​”​។​ ​
​លោក​ក៏បាន​បញ្ជាក់​ពី​ផែនការមេ​ ​នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ​ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ​ជាទី​ក្រុង​បេតិកភណ្ឌ​ ​និង​ ​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ ​(​Eco​-​City​)​ ​ដែល​ត្រូវ​ធ្វើស​មា​ហរ​ណ​កម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​ ​បរិស្ថាន​ ​និង​ស្ថាបត្យកម្ម​ ​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ ​(​TMP​)​ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​ ​។​ ​

លោក​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ​តាមពិត​រឿង​នេះ​កើតឡើង​ជា​ដដែល​ ​ៗ​ ​ហើយ​ទាំង​អាជ្ញាធរ​ ​និង​អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ ​ត្រូវតែ​ស្វែងរក​ចំណុច​ខ្វះខាត​នៅក្នុង​ខេត្ត​។​ ​បើ​តាមពិនិត្យ​មើល​ជាក់ស្តែង​ ​គឺ​ទាំង​អាជ្ញាធរ​ខេត្ត​ក៏​មាន​កំហុស​ ​និង​វិស័យ​ឯកជន​ក៏​មាន​កំហុស​ ​ដែល​ការ​នេះ​ ​បាន​ធ្វើ​ឱ្យ​មានការ​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ ​ដោយ​មិនព្រម​ស្វែងរក​ដំណោះស្រាយ​។​
​លោក​បន្ត​ថា​ ​“​នៅពេល​ស្ថានភាព​ភ្ញៀវ​ធ្លាក់​បែបនេះ​ ​ម្នា​ក់ៗ​កាន់តែ​រួញរា​ ​និង​ខ្លាច​ក្នុង​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្ត​ ​តើ​យើង​បាន​ចំណូល​មក​ពីណា​”​។​ ​លោក​ថា​ ​“​កាលណា​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ ​យើង​កាន់តែ​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ ​យើង​មិន​ត្រូវ​រួញរា​នោះ​ទេ​”​។​
​លោក​បន្ថែម​ថា​ ​ក្រៅពី​រដ្ឋាភិបាល​ត្រូវតែ​មាន​គោលនយោបាយ​ ​ពង្រីក​បន្ថែម​នៅ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ ​ហើយ​វិស័យ​ឯកជន​ក៏​គួរតែ​ភ្ញាក់​រលឹក​ ​ក្នុង​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ច្រើន​។​ ​ជាមួយគ្នា​ ​អាជ្ញាធរ​ខេត្ត​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​អនាម័យ​ឱ្យ​បាន​ស្អាត​ ​និង​បង្កើត​ផលិត​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​រួម​ជាមួយនឹង​ការបង្កើត​ឱ្យ​មានការ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់​ខេត្ត​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​ដោយ​មិន​ត្រូវ​ពឹងផ្អែក​ខ្លាំង​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់ក្រ​សួង​នោះ​ទេ​។​

​បើ​តាម​អភិបាលខេត្ត​សៀមរាប​ ​លោក​ ​ទៀ​ ​សីហា​ ​ក៏បាន​កំណត់​គោលដៅ​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​ការ​ជ​ម្រុ​ញ​ ​ពង្រឹង​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​សៀមរាប​ ​-​អង្គរ​ ​ដោយ​គិតគូរ​ទៅលើ​ការ​ពង្រឹង​ ​គុណភាព​សេវា​ទេសចរណ៍​ ​បង្កើន​ប្រសិទ្ធភាព​ការងារ​ ​សំដៅ​ធ្វើ​យ៉ាងណា​អោយ​គ្រប់​ផលិត​ ​ផល​ទេសចរណ៍​ ​និង​សេវាកម្ម​ ​ទេសចរណ៍​ ​ឲ្យ​មានគុណ​ភាព​ស្របតាម​ទស្សនទាន​សេវា​មួយ​ ​ស្តង់​ដា​មួយ​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ ​បុគ្គល​ម្នាក់​ជំនាញ​មួយ​ ​ក្នុង​នោះ​ផង​ដែរ​ ​អាជ្ញាធរ​ខេត្ត​ ​ក៏បាន​ពង្រឹង​ ​និង​យកចិត្ត​ទុកដាក់​ដល់​ការគ្រប់គ្រង​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​សហគមន៍​ទេសចរណ៍​ ​ឲ្យ​មានការ​ប្រែប្រួល​ ​និង​អភិវឌ្ឍន៍​បាន​កាន់តែ​ល្អ​ប្រសើ​ឡើង​ ​។​
​តាម​របាយការណ៍​របស់​មន្ទីរ​ទេស​ចណ៍​ខេត្តសៀមរាប​ ​បាន​បង្ហាញថា​ ​ស្ថានភាព​ភ្ញៀវ​ទេសចរណ៍​ ​ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ២០១៩​ ​ទាំង​ផ្លូវគោក​ ​ផ្លូវអាកាស​ ​និង​ផ្លូវទឹក​មាន​ចំនួន​ ​៤,២៦២,៣០៦នាក់​ ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​មាន​ ​ចំនួន២៥៦​,​ ​៦០៩នាក់​ ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​២,២០៥,៦៧៩នាក់​ ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ​២០១៨​ ​ថយ​ចុះ២០​%​ ​៕​