កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១​ នេះ ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានដឹកនាំក្រុមការងារចុះចែកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ ស្ថិតនៅភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម លី​វិចិត្រ បានមានប្រសាសន៍ថា៖ បន្ទាប់ពីមានការជូនដំណឹងពីក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ថានៅភូមិទួលសំណាងនេះ មានគ្រួសារក្រីក្រខ្វះខាតខ្លាំងក្នុងជីវភាពរស់នៅ ទើបក្រុមការងារយើងបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង ដោយមានការចូលរួមជួយឧបត្ថម្ភពីបងប្អូនកម្មករតាមបណ្តារោងចក្រមួយចំនួនផងដែរ។

ឯកឧត្តមបន្តថា៖ អំណោយទាំងអស់នេះទោះជាមិនច្រើនក្តី ប៉ុន្តែជាទឹកចិត្តអាណិតស្រឡាញ់ ក្នុងការជួយសម្រួលដោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយគ្រា ។ ឯកឧត្តម ក៏សូមអរគុណដល់ក្រុមការងារ រួមនិងបងប្អូនកម្មកររោងចក្រទាំងអស់ ដែលបានបង្កើតកម្មវិធីសប្បុរសធម៌ នេះឡើង ដើម្បីចូលរួមចំណែកក្នុងការជួយសង្គមជាតិលើការងារមនុស្សធម៌ ហើយយើងនឹងធ្វើការងារនេះបន្តទៀត ដោយរំពឹងថានឹងមានបងប្អូនសប្បុរសជនចូលរួមឧបត្ថម្ភជាសម្ភារៈក្តី និងថវិការក្តី ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលពួកគាត់កំពុងជួបទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ក ៥០គីឡូក្រាម ១បេ, ភួយ១, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប៊ីចេង១កញ្ចប់, ស្កស១គីឡូក្រាម, ប្រេងឆា១ដបធំ, មី១កេស, ទឹកផ្លែឈើ១កេស, មុង១, ប៉ាតង់១ និងថវិការចំនួន ៥០,០០០រៀល ។