ក្រសួងកសិកម្មឲ្យដឹងថា ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង ៣ម៉ឺនតោន ធ្លាក់ចុះ ៣២%

352

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ខែដំបូងឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករជាង ៣ម៉ឺនតោន ថយចុះជាង៣២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន នៅថ្ងៃទី០១ ខែកុម្ភៈ នេះ បានបញ្ជាក់ថា «ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ ២៨ប្រទេស សម្រេចបាន ៣៤២៧៣ តោន ថយចុះ ១៦១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០»។


ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤២៧៣ តោន ក្នុងនោះមានជាង ៨៧.៦៣% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ។

សូមជម្រាបផងដែរថា នៅឆ្នាំ២០២០កម្ពុជា បាននាំចេញអង្ករជិត៧០ម៉ឺនតោន ទៅកាន់ទីផ្សារ៦០ប្រទេស នៅលើពិភពលោក៕