ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៣រោជ ខេមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍ជិ:កង់នៃក្តីស្រឡាញ់ Valentine’s Bike Race ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ។


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរនេះដោយមានវិញ្ញាសាកីឡាជិះកង់ដូចខាងក្រោម៖
១.ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។
២.Fun Ride ជិ:កង់កម្យាន្ត ឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។
៣.Famlly Couple Ride ជិ:កង់ក្រុមគ្រួសារ និងគូរសេ្នហ៏ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ ។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រសួងទេសចរណ៍បង្កើតព្រឹត្តិការណ៍ជិ:កង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តចង់បង្កើតព្រឹត្តិការណ៍ស្ទូចត្រីនៅខេត្តព្រះសីហនុផងដែរ។

ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍ជិ:កង់នេះជាលើកទីមួយនៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្យាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បង្កើតព្រឹត្តិការណ៍ចលនាទេសចរណ៍ក្នុងស្រុក ហើយយើងត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងវិញនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។


ក្នុងឱកាសនោះឯកឧត្ដម វ៉ាត់ ចំរើន ក៏បានសំណូមពររដ្ឋបាលខេត្ត រកទីតាំងឱ្យក្រុមកីឡាករបោះតង់ស្នាក់នៅឆ្នេរក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះសុំជួយអន្តរាគមន៍ពីសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីត្រៀមបង្ការក្រែងមានឧបទ្ទវហេតុកើតឡើងណាមួយ ។ ខេត្តព្រះសីហនុមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពីបញ្ចប់កូវីដ-១៩ ក្រសួងនឹងបង្កើតព្រឹត្តិការណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនបន្ថែមទៀត មានដូចជារត់ប្រណាំងម៉ារ៉ាតុងជាដើម ៕