ព្រះសីហនុ៖ រសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុផងដែរ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI នៅខេត្តព្រះសីហនុ និងសូមចូលរួមគាំទ្រដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការរលូន និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា មានអាហារដ្ឋានជប៉ុននៅទីនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន។ អាហារដ្ឋានជប៉ុននេះ ផ្តល់ការងារជូនយុវជនកម្ពុជា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែល្អប្រសើរ។  ឯកឧត្តមអភិបាលខេត្ត សូមស្វាគមន៍អាហាដ្ឋានជប៉ុន និងចង់ឃើញអ្នកវិនិយោគជប៉ុន មកកាន់ទីនេះកាន់តែច្រើន៕