មុខរបរដឹកហ្គាសលក់មិនគ្រប់ ពង្រីកមុខរបរឆក់តាមផ្លូវបន្ថែម

438

រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទំនាក់ទំនង​ និងផ្តល់ព័ត៌មានបន្តភ្លាមដល់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដើម្បីចុះដល់ទីតាំងជួបជនរងគ្រោះ​ និងស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ​។

រហូតមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទី កម្លាំងនគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើស ចំនួន២ករណី ទី១. ឆក់កាបូបពីស្រ្តីជនជាតិបរទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងទី២.ឆក់កាបូបមិនបានសម្រេចពីបុរសម្នាក់កំពុងដើរនៅចំណុចផ្លូវ១២៣ កែង៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ។

ជនសង្ស័យឃាត់ខ្លួន ៖

១-ឈ្មោះ ធុង សៅនី ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ហ្គាស

២-ឈ្មោះ រិត រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករដឹកហ្គាស

ជនសង្ស័យទាំងពីរនាក់ស្នាក់នៅផ្ទះជួលលេខ៩៥ ផ្លូវ៦៤១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ចំណែកវត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាក ZOOMER ពណ៌ស ស្លាកលេខ ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួន និងសាកសួរបន្ត ដើម្បីក៏សាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕