សម្រាប់បងប្អូនដែលសម្បូរសម្លៀកបំពាក់ចាស់ៗស្លៀកលែងកើត ដែលតែងតែបោះចោល អ្នកខ្លះទៀតទុកទាល់តែកណ្ដុលកាត់ទៅហើយ ព្រោះមិនដឹងយកទៅណា។ ប៉ុន្ដែពេលនេះអស់បារម្ភហើយ បងប្អូនអាចប្រមូលខោអាវចាស់ៗទាំងនោះទៅលក់ឲ្យហាងមួយក្នុងទីក្រុងភ្នំពេញដែលគាត់ចាំប្រមូលទិញ ដោយក្នុងមួយគីឡូតម្លៃ ៤០០០រៀល។
តាមរយៈការចុះផ្សាយលើផេកដែលមានឈ្មោះថា RENUU Phnom Penh បានផុសយ៉ាងដូច្នេះថា “សម្រាប់បងៗណាដែរមានសំលៀកបំពាក់ដែរបងឈប់ប្រើប្រាស់ បងៗអាចយកមកលក់នៅហាង@RENUU Phnom Penh បានណាបង 1kg=1$។ចូលរួមកាត់បន្ថយកាកសំណល់ខោអាវ នឹងជម្រុញការកែច្នៃឡើងវិញ។”
គួរបញ្ជាក់ផងដែរថា ការធ្វើបែបនេះមិនត្រឹមតែអាចទទួលបានចំណូលខ្លះពីខោអាវចាស់ៗនោះទេ គឺបានចូលរួមថែរក្សាបរិស្ថាន តាមរយៈការយកសម្លៀកបំពាក់ដែលប្រើការលែងកើត យកទៅកែច្នៃឡើងវិញ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ប្រមូលខោអាវចាស់ៗលក់ អាចធ្វើការទំនាក់ទំនងទៅម្ចាស់ហាងផ្ទាលតាមរយៈលេខនេះ ៖ 086 227209/ 078 282905៕
ប្រភព: RENUU Phnom penh