កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឌិន សុមេធារិទ្ធ និងលោក លី ឡុង ស្ថាបនិកភូមិផ្កាត្រកួន ព្រមទាំងសហការី បាននាំយកវិទ្យុទាក់ទងចំនួន ៥០គ្រឿង និងម៉ាស៊ីនសម្លាប់មេរោគចំនួន ៣គ្រឿង ចំណាយថវិកាប្រមាណជាង  ប្រាំពាន់ដុល្លាអាមេរិក (5,000$) ដល់សាលាស្រុកស្អាង ដើម្បីជំរុញប្រសិទ្ធភាព ការងាររដ្ឋបាលស្រុក និងចូលរួមចំណែករក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្រុកស្អាងផងដែរ។

ស្ថាបនិកភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា លោក នឹងជួយឧបត្ថម្ភជាបន្តបន្ទាប់ទៀត ព្រមទាំងខិតខំប្រឹងប្រែងក្នុងការរៀបចំ រមណីយដ្ឋានភូមិផ្កាត្រកួន អោយកាន់តែស្អាត គួរជាទីកម្សា​ន្ត និងរស់នៅ តាមរយៈការអភិវឌ្ឍន៍ក៏ដូចជាការកសាងនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ និងជួយសម្រួលដល់ប្រជាពលរដ្ឋងាយស្រួលក្នុងការប្រកបមុខរបរលក់ដូរផ្សេងៗនៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ភូមិផ្កាត្រកួន ជារមណីយដ្ឋានកែច្នៃមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ ស្ថិតនៅក្នុង ភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បងប្អូនអាចធ្វើដំណើរបាន តាមផ្លូវជាតិ ២១បេ  ប្រហែលជា ១៧គីឡូម៉ែត្រតែប៉ុណ្ណោះ នឹងមកដល់ភូមិផ្កាត្រកួនជាក់ជាមិនខាន ។  ភូមិផ្កាត្រកួនមានទេសភាពល្អស្អាត ខ្យល់បរិយាកាសបរិសុទ្ធ គួបផ្សំជាមួយធម្មជាតិដ៏ស្រស់ត្រកាល និងទឹកបឹងតូចធំ ធ្វើអោយភូមិនេះមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ មកលេងកម្សាន្តនៅទីនេះ។