ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ១១រាច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេ នីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិ ភាគបី និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ ០២ខ្នង កម្ពស់ ០២ជាន់ នៅក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រ ធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋម សិលាសាងសង់អគារស្នាក់នៅរួមចំនួន ០២ខ្នង សម្រាប់យោធាខេត្តព្រះសីហនុ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនយោធាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមេបញ្ជាការ មេ បញ្ជាការរង និងពលទាហានតំបន់ប្រតិ បត្តិការសឹករងខេត្តព្រះសីហនុ យើងបានរៀបចំកម្មវិធីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីដំ ណើរការសាងសង់អគារស្នាក់នៅរួមរបស់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះ សីហនុប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសំណង់អគារដ៏ថ្លៃថ្លាដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដើម្បីជាប្រយោជន៍សម្រាប់យោធាខេត្តរបស់យើងប្រើប្រាស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យបានរឹងមាំ សុខសាន្តប្រកបដោយសន្តិភាពយូរអង្វែងសម្រាប់ជាតិ មាតុភូមិរបស់យើង ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានបន្តថា ការសាងសង់អគារស្នាក់នៅរួមចំនួនពីរខ្នងនេះ មានកម្ពស់ ០២ជាន់ ក្នុងមួយខ្នងមានទទឹង ១០,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ នៅពេលសាងសង់រួចអគារនេះមានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់ ៕

ដោយ​៖ វុន សុខជា