សៀមរាប៖ វត្ថុបុរាណធ្វើពីថ្មភក់ចំនួន ៤ប្រភេទ រួមមាន៖ ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្តឆ្វេងទេព ស្រី (ប្រាជ្ញាបារមីតា) ធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជា អក្សរខ្មែរបុរាណចំនួន៤ជួរ នៅផ្ទៃចំហៀង ហើយដែលត្រូវបានរក្សាទុកដោយប្រជាពលរដ្ឋរស់ នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបនោះ ហើយនៅព្រឹកថ្ងៃចន្ទ ១១រោច ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ  ពួកគាត់បាន ស្ម័គ្រចិត្តយកមកប្រគល់ជូនអាជ្ញាធរជាតិអប្ស​រា ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា វត្ថុទាំងនោះត្រូវបានយកចេញពីទីតាំងដើម ដោយប្រជាពលរដ្ឋក្នុងគោលបំណងរក្សាទុកបណ្តោះអាសន្ន ប៉ុន្តែក្រុមការងារ កំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្ស​រាក្នុងគោលដៅស្រុកវ៉ារិន បានស្នើសុំឱ្យយកមក រក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាពដល់វត្ថុទាំងនោះផង និងដើម្បីទុក សិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។

លោក ឈូក សុម៉ាឡា បានឱ្យដឹងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារបានចុះទៅទទួលយករូបចម្លាក់ផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្ងាយៗក្នុង តំបន់រដ្ឋបាលខេត្តសៀមរាបទាំងមូល ដូចជាករណីនេះចម្លាក់ព្រះហស្ថឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ដែលស្ថិតនៅក្នុងភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯ ជើងទម្រចំនួន២ ដែលមួយមានសិលាចារឹក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ការដឹកយកវត្ថុបុរាណ ដ៏មានតម្លៃទាំងនេះ ទៅរក្សាទុកឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុមួយចំនួនអាចនឹង​ត្រូវបែក បាក់ខូចខាតដោយប្រការណាមួយជាយថាហេតុ។ តួយ៉ាងដូចជាជើងទម្រដែលយើងបានដឹក មករក្សាទុកនេះ គឺមានសិលាចារឹកយ៉ាងសំខាន់ ដែលមានផ្នែកខ្លះត្រូវបានគេយកកាំបិតទៅ សំលៀង និងមានផ្នែកខ្លះទៀតមានស្នាមដំបំបែកខូចខាតជាដំណំ។

តាងនាមឱ្យអាជ្ញាធរជាតិអប្សរា លោក សុម៉ាឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួយចូលរួមថែរក្សាប្រាសាទបុរាណ និងវត្ថុបុរាណ ទាំងឡាយនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងស្រុក ដែលបានសហការណ៍យ៉ាងកក់ក្តៅដើម្បីដឹករតនវត្ថុទាំងនេះ យកមករក្សាទុកឱ្យមានសុវត្ថិភាពសម្រាប់ជាកេរមរតក ដូនតាយើងទាំងអស់គ្នា៕