ភ្នំពេញ៖ ក្រសួងកសិកម្ម បានអនុញ្ញាតិឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោពីក្រៅប្រទេសឡើងវិញ ប៉ុន្តែត្រូវគោរព និងអនុលោមតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបានប្រសិទ្ធភាព និង កាត់បន្ថយបទល្មើសនាំចូលខុសនីតិវិធីច្បាប់ ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សូមជម្រាបជូនសាធារណជនថា ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។
តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាពមនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម៕