លោកស្រី មឿន សូលីដា នាយិការងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបាន ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែល ស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្ល ក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ននេះសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បាន ធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើនមកពីប្រទេសជាសមាជិក ក្នុងសាលពិព័រណ៍ ទាំង៤របស់សារមន្ទីរមានដូចជា៖ សាលព័ត៌មានពិព័រណ៍ សាលពិព័រណ៍វត្ថុធាតុដើម និងដំណើរការផលិត សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហ សម័យ។ គោលបំណងនៃការកសាងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺដើម្បីថែរក្សា ប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ។
លោកស្រីបានបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅ ឆ្នាំ២០១០ ដល់ឆ្នាំ២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហ ប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួមដូចជា៖ ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបើកជូនសាធារណជនចូលទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:០០នាទីល្ងាច ជាពិសេសមិនគិតថ្លៃចំពោះព្រះសង្ឃ ដូនជី តាជី និងកុមារក្រោម អាយុ១២ឆ្នាំ។ សារមន្ទីរក៏មានមគ្គុទ្ទេសក៍ជំនាញនៅចាំពន្យល់ បកស្រាយជូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដោយឥតគិតថ្លៃផងដែរ៕