បាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានសាកទូរស័ព្ទដៃ រួចយកដាក់លើដើមទ្រូង ដេកលេងនៅលើអង្រឹង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្ភបាត់ដំបង ដែលជនរងគ្រោះ ឈ្មោះ សៃ ថុល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដោតសាកទូរស័ព្ទដៃ ហើយដាក់នៅលើដើមទ្រូង ដេកលេងនៅលើអង្រឹង តែជាអកុសលដោយសារឌុយសាកថ្មខាងលើ មានកន្លែងដាច់រហែកស្រោម  ដោយជនរងគ្រោះយកដៃដាក់ចំពីលើកន្លែងដាច់រហែកនោះ  ទម្រាំមានអ្នកដឹង ជនរងគ្រោះបានឆក់ស្លាប់បាត់ទៅហើយ។

នេះជាសារដ៏សំខាន់មួយចំពោះបងប្អូនដែលនិយមសាកថ្មទូរស័ព្ទបណ្តើរ លេងទូរស័ព្ទបណ្តើរ ជាពិសេសអ្នកដែលសាកថ្មផង ដោតកាសស្តាប់ចម្រៀងពេលគេងផង នេះមិនមែនជាលើកទីមួយទេ បើយើងមិនប្រុងប្រយ័ត្ន និងមិនចេះប្រើប្រាស់ពេលសាកថ្ម អាចគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងអាយុជីវិតយើងទាំងមូល ៕