កណ្តាល: នៅរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ ២០២១ ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ រួមនិងក្រុមការងារ NACC ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល លើកទឹកចិត្ត និងចែកសម្ភារៈដល់សិស្ស ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅ អង្គការវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនិងចរិតលក្ខណៈ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
នៅក្នុងថ្ងៃនៃក្តីស្រឡាញ់នេះ ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ឯកឧត្តម សោម អូន បានពន្យល់អំពីអត្ថន័យនៃទិវាសេចក្តីស្រឡាញ់ និងបានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សដែលមានវត្តមានសិក្សានៅក្នុងវិទ្យាស្ថាននេះ ត្រូវខិតខំរៀនសូត្រ ចូលរួមធ្វើអំពើល្អក្នុងសង្គម ដើម្បីអនាគតខ្លួនឯង ដើម្បីអនាគតសង្គមគ្រួសារ និង ដើម្បីអនាគតប្រទេសជាតិ ។
ជាមួយនេះដែរ ក្រុមការងាររបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក៏បានចែកជូននូវ សាក់កាដូស្ពាយម្នាក់ចំនួន១ ម៉ាស់ម្នាក់ចំនួន១០ និង ថវិកាមួយចំនួន៕