ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

417

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០២ និង៣០នាទីទាបភ្លឺ ដោយបានការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចុះធ្វើរដ្ឋបាលចំហត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម លើជនសង្ស័យចំនួន ០៣នាក់ នៅចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ សាំង ម៉េងហុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ​ រស់នៅភូមិទួលចំបក់ ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២-ឈ្មោះ មុំ រស្មី (ហៅម៉ន) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់​ នៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៣-ឈ្មោះ ស៊ន់ ស្រេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិត្រពាំងសុក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ជាលទ្ធផលមានជាប់សារធាតុញៀនទាំង ០៣នាក់ (វិជ្ជមាន) ។

ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ដោយបានចម្លេីយសារភាពពីជនសង្ស័យខាងលេី​ នៅវេលា​ម៉ោង​១០ និង០០នាទី​ព្រឹក​ថ្ងៃ​ខែឆ្នាំដដែល​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ជាមួយ​ជំនាញអធិការដ្ឋានស្រុកកំពង់សៀម​ ដឹកនាំដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ជីវ​ សេងរស់​ ស្នងការ​រង​ទទួល​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ បន្ថែមទៀត ឈ្មោះ ផល សុភាព ភេទប្រស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិប៉ែន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖ ម្សៅ​ក្រាមពណ៌ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ០១កញ្ចប់​, ម៉ូតូចំនួន ០២គ្រឿង និងទូរសព្ទ័ដៃចំនួន ០៤គ្រឿង ។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕