ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អនុប្រធានប្រចាំការ នៃក្រុមការងារSOMTC និងជាប្រធានក្រុមលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការ នៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (ក្រុមការងារSOMTC) ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមលេខាធិការ នៃក្រុមការងារSOMTCជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ចាប់តាំងពីមានការបង្កើតក្រុមការងារSOMTCថ្មីកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានជូនដំណឹងជាផ្លូវការទៅកាន់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាអគ្គលេខាធិការអាស៊ាន ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពថ្មី និងព័ត៌មានសម្រាប់ទំនាក់ទំនងថ្មីផងដែរ។ ឯកឧត្តមបានបន្តថា ក្រុមការងារគួរចាប់ផ្ដើមត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចសម្រាប់កិច្ចប្រជុំSOMTCនេះផងដែរ។

បន្ថែមពីនេះ ឯកឧត្តម អនុប្រធានប្រចាំការ នៃក្រុមការងារSOMTC និងជាប្រធានក្រុមលេខាធិការ ក៏បានលើកឡើងថា ដំណើរការការងាររដ្ឋបាលរបស់ក្រុមលេខាធិការ ត្រូវមានភាពជាក់លាក់ និងរក្សាបាននូវកំណត់ត្រាបានច្បាស់លាស់ ដើម្បីទុកដាក់ឯកសារឲ្យបានត្រឹមត្រូវសម្រាប់ប្រើប្រាស់នាពេលខាងមុខ។ ឯកឧត្តម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមរបស់សមាជិក សមាជិកាគ្រប់រូប នឹងជម្រុញកិច្ចការងាររបស់ក្រុមការងារSOMTCមានដំណើរការរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា ក្រុមលេខាធិការ នៃក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន មានភារកិច្ច៖

– សម្របសម្រួល និងទំនាក់ទំនងជាមួយបណ្ដាអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីបង្គោលទទួលបន្ទុកការងារឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីស្វែងរកព័ត៌មាន និងឯកសារ បម្រើឲ្យកិច្ចដំណើរការការងាររបស់ក្រុមការងារSOMTC

– ស្រាវជ្រាវ និងចងក្រងឯកសារ-ព័ត៌មាន លើវិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន ព្រមទាំងតាមដាន និងផ្សព្វផ្សាយផែនការសកម្មភាព និងប្រតិទិនការងារពាក់ព័ន្ធជូនក្រុមការងារSOMTC

– រៀបចំកំណត់ហេតុកិច្ចប្រជុំ របាយការណ៍ ជំនួយស្មារតី និងឯកសារចាំបាច់នានា

– ក្រុមការងារទទួលផែនការងារជំនាញតាមវិស័យនៃកិច្ចសហប្រតិបត្តិការនីមួយៗ ត្រូវរៀបចំរបាយការណ៍ប្រចាំត្រីមាស ឬតាមការចាំបាច់៕