កំពង់ធំ ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រីនាយ នាយរងការិយាល័យ និងមន្ត្រីននគរបាលចំណុះអោយការិយាល័យជំនាញចូលរួមប្រមាណ ៣៤១នាក់ ។
បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានថ្លែងការកោតសរសើរ ដល់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៍ដូចជាបងប្អូនកងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកងកម្លាំងបានយកចិត្តទុកដាក់ចូលរួមបំពេញភារកិច្ច ប្រកបដោយស្មារតី ឆន្ទ: ស្មោះត្រង់ ធ្វើឲ្យសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានទូទាំងខេត្តកំពង់ធំនារយៈពេលកន្លងទៅនេះ មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរ ពុំមានហេតុការណ៍ អ្វីមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ។
ហើយលោកឧត្តមសេនីយ៍ទោស្នងការ បានគូសបញ្ជាក់ថា នៅថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២១ អង្គភាពយើង បានប្រារព្ធពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលមានស្នាដៃ ចំពោះជាតិមាតុភូមិ ។
ឆ្លៀតក្នុងឱកាសនេះ លោកស្នងការ បានថ្លែងក្រើនរំលឹក ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងកម្លាំងសម្រាប់ការអនុវត្ត តួនាទី ភារកិច្ច ជាប្រចាំថ្ងៃ ដើម្បីសម្រេចបានភាពជោគជ័យគ្រប់ភារៈកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន ៕