អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឲ្យមានការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះការលួចឆ្លងដែនខុសច្បាប់ ពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ​

346

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធកងកម្លាំង ប្រដាប់អាវុធដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះការលួចឆ្លងដែនខុសច្បាប់របស់ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ និងបទល្មើសឆ្លងដែនផ្សេងទៀត តាមបទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែតនារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីអនុវត្តន៍នូវបទបញ្ជារ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា អាជ្ញាធរកម្លាំងសមត្ថកិច្ចទាំងអស់ដែលប្រចាំនៅតំបន់​ឈរជើងរបស់ខ្លួន ត្រូវតែបង្កើនការទប់ស្កាត់ឱ្យខានតែបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែម ដល់ប្រជាពលរដ្ឋ កុំឱ្យពួកគាត់លួចឆ្លងដែនចេញ-ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ តាមការបោកពីមេខ្យល់ ព្រោះវាគ្រោះថ្នាក់ណាស់  ។

ជាមួយនោះ លោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា អ្វីដែលសំខាន់នោះ សូមឱ្យអាជ្ញាធរកម្លាំងប្រដាប់អាវុធ បន្តធ្វើការអប់រំបងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃ ត្រូវតែធ្វើការពិនិត្យសំណាកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ឱ្យបានគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ច្បាស់លាស់ គោរពតាមការណែនាំ និងអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍​។

សូមបញ្ជាក់ថា​​ ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានណែនាំទៅអភិបាលរាជធានីខេត្ត ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ នូវវិធានការច្បាប់ ចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក តាម «អនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល»៕