អភិបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំបន្ទាន់ ស្តីពីការទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ

377

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការណ៍នៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៥ខែកុម្ភៈ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ និងស្ថាប័នពាក់ព័ន្ធនៅតំបន់ព្រំដែន ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានបញ្ជាដល់អាជ្ញាធរមូលដ្ឋាននៅស្រុកជាប់ព្រំដែន ឱ្យធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋនៅតាមស្រុកជាប់ព្រំដែនឱ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃដែលរស់នៅ ស្រុកខេត្តផ្សេង ហើយប្រាប់ព័ត៌មានមិនពិតថា ខ្លួនរស់នៅជាប់ព្រំដែនគេចវេសមិនធ្វើចត្តាឡីស័ក។ការចេញបញ្ជារបន្ទាន់នេះ បន្ទាប់ពីមានលេចធ្លាយពលករដែលត្រឡប់មកពីថៃ ទៅកាន់ស្រុកកំណើតដោយគេសវេសមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យពលករគេចវេស ពីការធ្វើចត្តាឡីស័ក និងត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹងដូចជា ៖ តាមចាប់ពួកមេខ្យល់នាំពលករ ឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសំឡេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តសាមុតសាខនប្រទេសថៃមក គឺមានពលករឆ្លងដែនពីថៃតាមច្រកនានាជាប់ខេត្តបាត់ដំបងជាង ៦,០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ។

ដោយឡែក នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជារឲ្យ បកស័ក្តិចេញពីលើស្មា និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្រោពីយរកឃើញថាមន្រ្តីនគរបាលរូបនេះ ជាអ្នកដោះលែងមេខ្យល់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ដោយពុំបានធ្វើចត្តាឡីស័ក។